គ្រូ​បង្វឹកថៃU23បោះសម្តីថា ថៃ​អាចបំបាក់​ក្រុម​អាស៊ីណា​មួយ​ក៏បាន


 បាល់ទាត់៖ គ្រូបង្វឹកក្រុមបាល់ទាត់យុវជនថៃ លោក អ៊ីសសារ៉ា ស្រ៊ីតារ៉ូ (Issara Sritaro) នឹងប្រគល់តំណែងប្រធានក្រុមដល់កីឡាករបីនាក់ផ្សេងគ្នាសម្រាប់ការប្រកួតជុំទីមួយនៃពានរង្វាន់ AFC U23 Asian Cup នៅប្រទេសកាតា ខណៈគ្រូ​បង្វឹករូបនេះអះអាងដោយអំណួតថា ថៃ​អាចបំបាក់​ក្រុម​អាស៊ីណា​មួយក៏​បាន។ នេះបើយោងតាមកាសែតថៃ Bangkok Post។

ក្រុម​ជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ(U23) ​បានទៅដល់រដ្ឋធានីដូហា​ កាល​ពី​យប់​ថ្ងៃ​សុក្រទី១២ ខែមេសា ហើយ​បានសម្រុកហ្វឹកហាត់កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ មុន​ការ​ប្រកួត​ពូល C តទល់ជាមួយក្រុម​បី​ផ្សេង​ទៀត​ក្នុង​ពូល​គឺ៖ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និង​តាជីគីស្ថាន។

ទន្ទឹមគ្នានេះ លោក អ៊ីសសារ៉ា បានអះអាងកាលពីថ្ងៃសៅរ៍ទី១៣ ខែមេសាថា លោកបានតែងតាំងប្រធានក្រុមបីនាក់ គឺកីឡាករ សុពុនវីត រ៉ាក់យ៉ាត (Soponwit Rakyart), កីឡាករ ចាណាផាត ប៊ួផាន់ (Chanaphat Buaphan) និងកីឡាករ ពូរ៉ាឆាត់ តូដសានីត (Purachate Todsanit) សម្រាប់ការប្រកួតជុំវិលជុំដំបូងរបស់ក្រុមទាំងបី។

ជាមួយគ្នានេះ គ្រូបង្វឹកU23ថៃក៏បានបង្ហាញពីទំនុកចិត្តថា កីឡាកររបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក និងបញ្ចប់នៅថ្ងៃទី៣ ខែឧសភា។

លោក អ៊ីសសារ៉ា ក៏បានលើកឡើងថា៖«ក្រុមធ្វើបានល្អក្នុងអំឡុងពេលហ្វឹកហាត់រយៈពេល៤ថ្ងៃ ប៉ុន្តែយើងនៅតែព្រួយបារម្ភអំពីកម្រិតកាយសម្បទារបស់កីឡាករមួយចំនួន។ ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ទោះជាយ៉ាងណា កីឡាកររបស់យើងមានសក្តានុពលក្នុងការប្រកួតជាមួយប្រទេសណាមួយក៏បាននៅក្នុងអាស៊ី។

ខ្ញុំគិតថាយើងអាចទទួលបានពិន្ទុពីការប្រកួតជាមួយក្រុមនៅក្នុងពូលរបស់យើងយ៉ាងងាយស្រួល»៕

Comments